សូមស្វាគមន៍ / www.bandamnorkornews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ចាងហ្វាងការផ្សាយ៖ លោក ទ្រី វឿន / អាសយដ្ឋាន: ផ្ទះ១៨២ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង ៖ Tele: 098462339 / 092462339

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំពិនិត្យវាយតម្លៃការគ្រប់គ្រងមណ្ឌលសុវត្ថិភាព ដើម្បីត្រៀមឆ្លើយតបគ្រាអាសន្ន

ចំនួនអ្នកទស្សនា: Views

(ឧត្តរមានជ័យ)៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃឡើងវិញ លើការគ្រប់គ្រងមណ្ឌលសុវត្ថិភាពជនភៀសសឹក និងការត្រៀមលក្ខណៈឆ្លើយតប ចំពោះគ្រាអាសន្នដែលអាចកើតមានជាយថាហេតុ។

កិច្ចប្រជុំបានផ្តោតលើការពិនិត្យឡើងវិញ នូវស្ថានភាពមណ្ឌលសុវត្ថិភាពដែលបានរៀបចំកន្លងមក ការស្តារប្រព័ន្ធទឹក ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងការរៀបចំសេវាសុខាភិបាល បរិស្ថាន អនាម័យ ប្រព័ន្ធដឹកជញ្ជូនសម្រាប់ការជម្លៀសប្រជាពលរដ្ឋ និងការត្រៀមស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារចាំបាច់ផ្សេងៗ ដើម្បីធានាការឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានស្ថានការណ៍អាសន្នកើតឡើង។

លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យឡើងវិញនូវចំណុចខ្លាំង និងចំណុចខ្វះខាតនៃការរៀបចំមណ្ឌលសុវត្ថិភាពកន្លងមក និងស្វែងរកដំណោះស្រាយបំពេញបន្ថែមឱ្យកាន់តែមានប្រសិទ្ធភាព។ ជាពិសេស ការស្តារប្រព័ន្ធទឹក ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញមណ្ឌល ដើម្បីបង្ការការលិចលង់ និងធានាការផ្គត់ផ្គង់ទឹកស្អាត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការពង្រឹងសេវាសុខាភិបាល និងបរិស្ថានអនាម័យ តាមរយៈការរៀបចំក្រុមគ្រូពេទ្យប្រចាំការ ការគ្រប់គ្រងកាកសំណល់ និងការថែរក្សាបរិស្ថានឱ្យមានអនាម័យល្អ គឺមានសារៈសំខាន់ក្នុងការទប់ស្កាត់ជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះ ការរៀបចំផែនការដឹកជញ្ជូនឱ្យបានច្បាស់លាស់ និងការស្តុកទុកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងឱសថចាំបាច់ឱ្យបានគ្រប់គ្រាន់ ក៏ជាកត្តាចាំបាច់សម្រាប់ការជម្លៀសប្រជាពលរដ្ឋពីតំបន់ប្រឈមមកកាន់ទីតាំងមានសុវត្ថិភាព។

លោកបណ្ឌិត ស៊ាង ប៊ុនលាង បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំរបស់លោក មាន ចាន់យ៉ាដា ដែលបានយកចិត្តទុកដាក់លើការងារសន្តិសុខ សុវត្ថិភាព និងការងារមនុស្សធម៌ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

លោកបណ្ឌិត ស៊ាង ប៊ុនលាង បានសង្កត់ធ្ងន់ថា ដោយសារខេត្តឧត្តរមានជ័យ ជាខេត្តជាប់ព្រំដែន ការត្រៀមលក្ខណៈជាមុនលើគ្រប់វិស័យ រួមទាំងស្បៀងអាហារ ថ្នាំសង្កូវ ប្រព័ន្ធដឹកជញ្ជូន និងលក្ខខណ្ឌអនាម័យនៅក្នុងមណ្ឌលសុវត្ថិភាព គឺជាកត្តាសំខាន់ដែលមិនអាចមើលរំលងបានឡើយ។

លោកក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធ ធ្វើបច្ចុប្បន្នភាពផែនការសកម្មភាព និងចុះពិនិត្យជាក់ស្តែងជាប្រចាំ ដើម្បីធានាថាប្រព័ន្ធគាំទ្រនានា អាចដំណើរការបានយ៉ាងរលូន និងឆ្លើយតបទាន់ពេលវេលា នៅពេលមានស្ថានការណ៍គ្រាអាសន្នកើតឡើង៕

0 Comments:

Post a Comment