សូមស្វាគមន៍ / www.bandamnorkornews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ចាងហ្វាងការផ្សាយ៖ លោក ទ្រី វឿន / អាសយដ្ឋាន: ផ្ទះ១៨២ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង ៖ Tele: 098462339 / 092462339

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ដើម្បីធ្វើកំណែទម្រង់ជោគជ័យ ត្រូវរកឱ្យឃើញចំណុចគន្លឹះដែលធ្វើឱ្យមានការផ្លាស់ប្ដូរល្អប្រសើរ និងមិនគួរធ្វើអ្វីដដែលៗ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញផ្ដល់បាឋកថាស្ដីពី «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា» ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការីឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនៃសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រី និងកម្មសិក្សាការី សរុបចំនួនប្រមាណ ៨០០អង្គ/នាក់។

ពិធីផ្ដល់បាឋកថានេះត្រូវបានសហការរៀបចំឡើងដោយសាលាភូមិន្ទរដ្ឋបាល និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ជាក់ស្ដែង យុទ្ធសាស្ត្រ វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅអនាគតនៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ជាពិសេសជំរុញទឹកចិត្តសិស្សមន្ត្រីឱ្យមានស្មារតីស្នេហាជាតិ ចូលរួមចំណែកកាន់តែសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកែលម្អរដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។

តាមរយៈបាឋកថានាឱកាសនេះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងបញ្ជាក់ថា ដើម្បីធ្វើកំណែទម្រង់ជោគជ័យ ត្រូវរកឱ្យឃើញចំណុចគន្លឹះដែលធ្វើឱ្យមានការផ្លាស់ប្ដូរល្អប្រសើរ ហើយត្រូវចាំថា មិនគួរធ្វើអ្វីដដែលៗពីមួយឆ្នាំទៅមួយឆ្នាំទេ ចាំបាច់ត្រូវតែមានអ្វីថ្មីឆ្លើយតបនឹងបរិបទសង្គម ពិភពលោក និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាសកល។

ជាមួយគ្នានោះលោករដ្ឋមន្ត្រីក្រសួងអប់រំ បានបន្ថែមថា ក្នុងរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ ចាប់តាំងពីការចាប់ផ្ដើមរបត់កំណែទម្រង់ស៊ីជម្រៅក្នុងឆ្នាំ២០១៤ វិស័យអប់រំនៅកម្ពុជា បានឈានជើងចូលដល់ដំណាក់កាលផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ជាមួយវឌ្ឍនភាពជាច្រើន ក្នុងនោះលេចធ្លោបំផុតគឺការរឹតបន្តឹងវិធានការប្រឡងទុតិយភូមិចាប់តាំងពីឆ្នាំ២០១៤ ដោយបានលុបបំបាត់វប្បធម៌ចម្លង និងជំរុញឱ្យមានការខិតខំប្រឹងប្រែងពិតប្រាកដពីសិស្ស «អ្នកចេះគឺជាប់» ដោយកំណែទម្រង់អប់រំត្រូវបានបែងចែកជា ៤ដំណាក់កាលរួមមាន៖

ដំណាក់កាលទី១៖ កំណែទម្រង់ថ្នាក់ជាតិផ្ដោតលើ ៨ចំណុច (ឆ្នាំ២០១៣) រួមមាន (១) ការបង្កើនគុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំ (២) ការពង្រឹងការគ្រប់គ្រងបុគ្គលិក (៣) ការពង្រឹងការប្រឡងគ្រប់ប្រភេទ (៤) កំណែ​ទម្រង់ឧត្តមសិក្សា (៥) ការអភិវឌ្ឍជំនាញបច្ចេកទេស និងជំនាញទន់សម្រាប់យុវជន (៦) កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (៧) កំណែទម្រង់ការអប់រំកាយ និងកីឡា និង(៨) ការបង្កើតធនាគារខួរក្បាលវិស័យអប់រំ

ដំណាក់កាលទី២៖ កំណែទម្រង់ផ្ដោតលើសសរស្ដម្ភ ៥ (ឆ្នាំ២០១៥-២០១៨) រួមមាន (១) ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន (២) ការងារអធិការកិច្ច (៣) រង្វាយតម្លៃការសិក្សា (៤) ការអភិវឌ្ឍកម្មវិធីសិក្សា និង (៥) កំណែទម្រង់ឧត្តមសិក្សា

ដំណាក់កាលទី៣៖ កំណែទម្រង់កម្រិតសាលារៀន (ឆ្នាំ២០១៩-២០២២) ដោយចាប់ផ្ដើមផ្ដោតលើការជំរុញកំណែទម្រង់ឱ្យដល់កម្រិតសាលារៀន និងថ្នាក់រៀន។ ក្រសួង បានអនុម័តឯកសារទស្សនាទានស្ដីពីការគ្រប់គ្រងតាមសាលារៀន ដោយផ្ដោតលើសមាសភាពទាំង៤ នៃការគ្រប់គ្រងអប់រំ (១) កំណែទម្រង់ការគ្រប់គ្រងរដ្ឋបាល (២) កំណែទម្រង់ការគ្រប់គ្រងការបង្រៀននិងរៀន (៣) កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និង (៤) កំណែទម្រង់ការគ្រប់គ្រងធនធានមនុស្ស។ ដើម្បីគាំទ្រការអនុវត្តការកែទម្រង់សាលារៀន សំដៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ព្រមទាំងបន្តពង្រឹង និងពង្រីកការអនុវត្តកម្មវិធីសាលាជំនាន់ថ្មី ការអនុវត្តកម្មវិធីសាលារៀនមានប្រសិទ្ធភាព កំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងការអនុវត្តកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង

ដំណាក់កាលទី៤៖ ផ្ដោតលើការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព ដោយដាក់អនុវត្តអភិក្រមស្ដីពីការគ្រប់គ្រងផ្ដោតលើលទ្ធផលឆ្ពោះទៅរកការដោះស្រាយបញ្ហាជាលក្ខណៈប្រព័ន្ធ និងតាមបែបអនុវិស័យ។

បន្ថែមពីនេះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា មកដល់ពេលនេះក្រសួងបាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់ការយល់ដឹងពីការថែទាំសុខភាពកុមារតូចក្នុង ១០០០ថ្ងៃដំបូងនៃកំណើត ដើម្បីពង្រឹងគ្រឹះនៃការលូតលាស់បញ្ញាស្មារតី និងសុខភាពរឹងមាំ បន្តពង្រឹងនិងពង្រីកកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងការលើកកម្ពស់ការអប់រំកុមារតូច។

ក្រសួងក៏បានពង្រឹងគុណភាពសាលារៀនរដ្ឋ៖ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា តាមរយៈការអនុវត្ត «ស្តង់ដារសាលារៀនគំរូ» ដើម្បីធានាថាគ្រប់សាលារៀនមានបរិយាកាសបង្រៀន និងរៀនល្អ ប្រកបដោយវិន័យ និងគុណធម៌ និងជំរុញនូវការចូលរួមលើកកម្ពស់លទ្ធផលសិក្សាសិស្សពីសំណាក់សហគមន៍ និងមាតាបិតា។ ការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន៖ តាមរយៈការបណ្ដុះបណ្ដាលជាប្រចាំ ការកែលម្អវិធីសាស្ត្របង្រៀនថ្មីៗ និងការបង្កើនបៀវត្សរ៍ ក៏ដូចជាការលើកទឹកចិត្តនានា ដែលជួយរក្សាបាននូវគ្រូមានសមត្ថភាព និងទាក់ទាញសិស្សពូកែៗឱ្យចូលមករៀនជំនាញគរុកោសល្យផងដែរ៕

0 Comments:

Post a Comment