សូមស្វាគមន៍ / www.bandamnorkornews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ចាងហ្វាងការផ្សាយ៖ លោក ទ្រី វឿន / អាសយដ្ឋាន: ផ្ទះ១៨២ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង ៖ Tele: 098462339 / 092462339

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពង្រីកការវិនយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views


រាជធានីភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរចំពោះភាពលេចធ្លោរនៃការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា របស់ក្រុម CRBC ពិសេសចុងក្រោយនេះ គឺការអភិវឌ្ឍផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាគម្រោងទី១ និងជាប្រវត្តិសាស្ត្រនៅកម្ពុជា។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានមានប្រសាសន៍លើកទឹកចិត្តក្រុមហ៊ុន CRBC ពិនិត្យសក្ដានុពលថ្មីៗ ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

ក្នុងឱកាសអនុញ្ញាតជូនលោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ប្រចាំកម្ពុជា និងសហការី សម្របសម្រួលដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា បានចូលរួមអបអរសាទរចំពោះសមិទ្ធផលផ្លូវនិងស្ពានសរុបរាប់ពាន់គីឡូម៉ែត្រ ដែលក្រុមហ៊ុន បានចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០០១ មក។

ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណក្រុមហ៊ុន CRBC ដែលបានផ្ដល់អំណោយមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបរិចាគប្រាក់ ចំនួន ១លាន ៣សែនដុល្លារ ដល់រាជរដ្ឋាភិបាល និងកាក្របាទក្រហមកម្ពុជា និងចូលរួមគាំទ្រថវិកាដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង រួមទាំងការសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្ស និងនិស្សិតកម្ពុជា។ 

ក្រៅពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនអំពីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សក្ដានុពលនៃច្បាប់វិនិយោគថ្មី ព្រមទាំងការធ្វើវិមជ្ឈការផ្ទេរសិទ្ធិសម្រេចគម្រោងវិនិយោគតម្លៃ ៥លានដុល្លារចុះ ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ដើម្បីផ្ដល់ឱកាសពង្រីកសក្ដានុពលទាក់ទាញគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើក្រុមហ៊ុនចិនចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់សាធារណជនចិន និងពិភពលោកផងដែរ។ 

លោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន CRBC ប្រចាំកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិត ដែលអនុញ្ញាតជូនលោក និងសហការី បានចូលជួបសម្ដែងការគួរសម។ លោកអគ្គនាយក ក៏បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ថា ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឆាយណា ខមញ៉ូនីខេសិន ខនស្ត្រាក់សិន (CCCC) ដែលជាក្រុមហ៊ុនជំនាញ រចនា សាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅប្រទេសចិន ហើយក៏បានជាប់ចំណាត់ថ្នាក់ទី៦៣ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៥០០ ក្នុងពិភពលោក។ 

លោក យ៉ាង ជៀ ក៏បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នូវជំនឿចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការធានាលំនឹងសេដ្ឋកិច្ចជាតិ ស្ថិរភាពនយោបាយ និងបរិយាកាសសន្តិសុខ ដែលធ្វើឱ្យក្រុមហ៊ុនរបស់លោកមានភាពកក់ក្ដៅក្នុងការបោះជំហានពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត ជាពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿន ផ្លូវជាតិ និងស្ពាន តួយ៉ាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ភ្នំពេញ-សៀមរាប និងក្រុងប៉ោយប៉ែតជាដើម។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងក្នុងនាមសម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន CRBC ប្រចាំកម្ពុជា ដែលបានបរិច្ចាគជូនឯកឧត្តម នូវអង្ករ ចំនួន ២៥តោន មីចំនួន ២០០កេសធំ ជូនក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង នូវអង្ករ ចំនួន ១៥តោន មីចំនួន ១០០កេស និងជូនរដ្ឋបាលខេត្តព្រៃវែង នូវអង្ករចំនួន ១០តោន និងមី ចំនួន ១០០កេស។ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកជំនួយនេះថា ពិតជាមានសារៈសំខាន់ក្នុងការឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ ពិសេសនារដូវទឹកជំនន់ខាងមុខនេះ និងសន្យាប្រើប្រាស់ជំនួយនេះឱ្យចំគោលដៅ៕

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជួបពិភាក្សាការងារជាមួយឯកឧត្តម Jean-Pierre Lacroix

ចំនួនអ្នកទស្សនា: Views


កាលព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបា​ន​ថ្លែង​អំណរ​គុណ​យ៉ាងជ្រៀលជ្រៅ ចំពោះដំណើរអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់ ឯកឧត្តម Jean-Pierre Lacroix ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០០៦ កម្ពុជា​ ចាប់ផ្តើមបោះជំហានទៅមុខ ដោយ​ការ​បញ្ជូន​កង​កម្លាំង​ទៅកាន់សាធារណរដ្ឋស៊ូដង់​លើក​ដំបូង ហើយឆ្នាំ២០២៤នេះ មានរយៈពេល១៨ឆ្នាំ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អសប កម្ពុជា​ បានបញ្ជូនកងកម្លាំងសរុប ៩៥៧៩នាក់ ក្នុងនោះ នារី ៨១៨នាក់ ទៅកាន់​ប្រទេស​ចំនួន​១០ និង១២បេសកកម្ម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា បច្ចុប្បន្ន កម្ពុជា កំពុង​មាន​ភាព​លេច​ធ្លោ​ក្នុង​ការបញ្ជូនមេកងជានារី ចំនួន៣នាក់ ទៅកាន់តំបន់បេសកកម្ម រួមមាន សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល លីបង់ និងស៊ូដង់ខាងត្បូង។ ទន្ទឹមនោះ អាត្រាក្នុងការបញ្ជូន​កងកម្លាំង​ជា​នារី​របស់​កម្ពុជា​ទៅតំបន់បេសកកម្ម មានប្រមាណ ១៧.២ភាគរយ​ ដោយ ឯកឧត្តម នាយឧត្តម​សេនីយ៍ ​ក៏បានប្តេជ្ញាបន្តបង្កើនចំនួនយោធិននារីបន្ថែមផងដែរ។

ឯកឧត្តម Jean-Pierre Lacroix បានថ្លែងអំណរគុណចំពោះការទទួល​ស្វាគមន៍​យ៉ាង​រាក់ទា​ក់​របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី និងក្រុមការងារ។ នេះមិនមែន​ជា​លើកទី១​ឡើយ ដែលឯកឧត្តមអគ្គលេខាធិការរងអង្គការសហប្រជាជាតិ មានជំនួបទ្វេភាគីជាមួយ ឯកឧត្តម​ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ហើយបន្ទាប់ពីជំនួបនីមួយៗ តែងតែ​ទទួល​បាន​ផ្លែ​ផ្កា​ល្អ ក្នុងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងកម្ពុជា។ ឯកឧត្តម បានថ្លែងអំ​ណរ​គុណ​ជា​ថ្មី​ម្តងទៀត ចំពោះកម្ពុជា ដែលបានបរិច្ចាគកម្លាំងក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អសប ជាពិសេស ក៏បានឃើញពីការចូលរួម មិនត្រឹមតែពីសំណាក់បុរសទេ គឺពីសំណាក់​យោធិន​នារី ក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិទៅកាន់ប្រទេសមួយចំនួនផងដែរ។ ឯកឧត្តម Jean-Pierre Lacroix បានបន្ថែមថា ការចូលរួមរបស់កងកម្លាំងមួកខៀវកម្ពុជានៅតំបន់ខ្លះ គឺ​មិន​ងាយស្រួលនោះទេ ហើយតំបន់ខ្លះក៏ប្រឈមនឹងការលំបាកផងដែរ។

 ឯកឧត្តម Jean-Pierre Lacroix ក៏បានធ្វើការកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជា ដែល​បានប្រែក្លាយខ្លួនពីប្រទេសដែលទទួលវត្តមានអង្គការសហប្រជាជាតិ មកជា​ប្រទេស​ដែល​បញ្ជូន​កម្លាំង​ចូលរួមយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយ​បាន​ចែករំលែកនូវជំនាញវិជ្ជាជីវៈនៅក្នុងការអនុវត្ត ជាពិសេសក្នុងភារកិច្ចបោសសម្អាតមីន និង​កម្ទេច​គ្រាប់មិនទាន់ផ្ទុះ៕






«សិស្សានុសិស្សសកម្មជនបរិស្ថានកម្ពុជា» បើកយុទ្ធនាការសម្អាតបរិស្ថានក្រុងក្រចេះ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងស្អាត

ចំនួនអ្នកទស្សនា: Views

ក្រចេះ៖ ក្រោមពាក្យស្លោក «គ្មានសំរាមផ្ដើមចេញពីអ្នក»! នៅព្រឹកថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុង អង្គការ CRDT និងសិស្សានុសិស្ស បានបើកយុទ្ធនាការសម្អាតបរិស្ថានក្រុងក្រចេះ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងស្អាត បង្កើនការយល់ដឹងទូទៅអំពីការរៀបចំគ្រប់គ្រងទុកដាក់សំរាមឱ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋ។

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

ចំនួនអ្នកទស្សនា: Views


នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៨នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃនេះ នឹងពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ដូចខាងក្រោម៖

១៖ សេចក្តីព្រាងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យ​គ្រោះ​មហន្តរាយឆ្នាំ២០២៤-២០២៨។

២៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល។

៣៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស៕

CATEGOR

អបអរសាទរ ខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤ )

ចំនួនអ្នកទស្សនា: Views

ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយក្នុងនោះរួមមាន៖

១. បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖

- តំបន់រមណីយដ្ឋាន​អង្គរ ចុះបញ្ជីនា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ នៅ​ទី​ក្រុង​សាន់​តាហ្វេ សហរដ្ឋអាមេរិក​

- ប្រាសាទ​ព្រះវិហារ ចុះបញ្ជីនា​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ទី​ក្រុង​កេបិក ប្រទេស​កាណាដា

- តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​ ចុះ​បញ្ជីនាថ្ងៃ​ទី​៨ ខែ​កក្កដា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ក្រាកូវ​ ប្រទេស​ប៉ូឡូញ​

- រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។

២. បេតិ​កភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្ស​ជាតិ៖​

- របាំ​ព្រះ​រាជ​ទ្រព្យ​ ចុះបញ្ជីនា​ថ្ងៃ​ទី​៧ ខែវិច្ឆិកា​ ឆ្នាំ​២០០៣ នៅ​ទី​ក្រុង​អ៊ីស្ដន់ប៊ូល​ ប្រទេស​តួកគី

-​ ល្ខោន​ស្រមោល​ស្បែក​ធំ​ ចុះបញ្ជីនា​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​

- ល្បែង​ទាញ​ព្រ័ត្រ​ ចុះ​បញ្ជីនាថ្ងៃ​ទី​២​ ខែ​ធ្នូ ឆ្នាំ​២០១៥​ នៅ​ទី​ក្រុង​វិនឌុក​ ប្រទេស​ណាមីប៊ី​

- ចាប៉ី​ដង​វែង​ ចុះបញ្ជីនា​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា ឆ្នាំ២០១៦ នៅ​ទី​ក្រុង​អេតឌីស​អាបាបា​ ប្រទេស​អេត្យូពី​

- ល្ខោន​ខោលវត្តស្វាយអណ្តែត​ ចុះបញ្ជីនា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​ទីក្រុង​ព័រល្វី នៃ​សាធារណរដ្ឋ​ម៉ូរីស​​

- គុន​ល្បុក្កតោ​ ចុះបញ្ជីនា​ថ្ងៃ​​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​ទី​ក្រុង​រ៉ាបាត​ ព្រះ​រាជា​ណាចក្រម៉ារ៉ុក ។

៣. បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក៖​

- បណ្ណាសារឧក្រិដ្ឋ​កម្ម​ ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ ចុះបញ្ជីនា​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០០៩ នៅ​ទី​ក្រុង​ប្រ៊ីដថោន​ ប្រទេស​បាបា​ដូស

- ឯកសារ​សំឡេង​និទាន​រឿង​រាមកេរ្ដិ៍ ដោយ​តាគ្រុឌ ចុះ​បញ្ជីនាថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ខេត្ត​ខ្វាង​ចូវ​ ប្រទេស​ចិន

- រឿង​អ៉ីណាវ បុស្សិបា ចុះបញ្ជីនា​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង ។

"កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"






សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្ដម STEFAN MESSERER ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views

ព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម STEFAN MESSERER ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអភិបាលខេត្តតាកែវថ្មី ពង្រឹងសមត្ថភាពមន្រ្តីផ្តល់សេវា ទាំងការទទួលខុសត្រូវ និងក្រមសីលធម៌

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្មី ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេសមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅមូលដ្ឋាន ដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរជើងគោក បង្រ្កាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងក្មេងទំនើង ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការពង្រឹងការផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពង្រឹងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងការដោះស្រាយជម្លោះដីធ្លី ការដឹកនាំ ការគ្រប់គ្រង និងរបៀបរបបបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវត្តមានមន្ត្រី និងខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តរបស់ខ្លួន និងជំរុញលើកទឹកចិត្តមន្ត្រី ឱ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព និងត្រូវពង្រឹងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង ការអនុវត្តមុខងារ ប្រើប្រាស់ធនធាននានាដែលបានផ្ទេរដើម្បីធានា ផ្តល់សេវាទាំងនោះ ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាបន្ន ជាពិសេស គឺពង្រឹងសមត្ថភាពមន្ត្រីជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបៗ ក្នុងការអនុវត្តការងារ ឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានធ្វើរបាយការណ៍ជូនឯកឧត្តមអភិសន្តិបណ្ឌិត និងអង្គពិធីអំពីសមិទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តតាកែវ សម្រេចបានក្នុងអាណត្តិការងាររបស់ឯកឧត្តម នាពេលកន្លងមក ជាពិសេសការសម្រេចបានលទ្ធផលការងារជាវិជ្ជមានដល់ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ 

ចំណែកឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ថ្មី ក៏បានប្ដេជ្ញាចិត្តជំរុញការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាកក់ចរាចរណ៍ ការកៀរគរអ្នកវិនិយោគអភិវឌ្ឍន៍ខេត្ត ការងារសប្បុរសធម៌ កសាងរៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្ត និងការគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល និងគោរពរដ្ឋធម្មនុញ្ញ ជាតិ សាសនា និងព្រះមហាក្សត្រ៕

#សសុខា #SarSokha #កម្ពុជា #Cambodia